ក្រុមហ៊ុនយក្សជីប ម៉ុង គ្រុប (Chip Mong Group) បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ដោយអ្នកឧកញ៉ា ភាព ហៀក ដែលជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាល ជីប ម៉ុង គ្រុប នាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុន Chip Mong មានបុត្រសម្ព័ន្ធ ក្រុមហ៊ុន Chip Mong Group គឺក្រុមហ៊ុន Khmer Beverages ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា មិនត្រឹមតែមានស្រាបៀរនោះទេ Khmer Beverages ក៏មានផលិត ទឹកផ្លែឈើគ្រប់រសជាតិ ទឹកសុទ្ធ និងផ្សេងៗទៀតជាច្រើនដែរ។
លោកស្រី ឧកញ៉ា ភាព ហៀកបានចាប់របររកស៊ីលក់អេតចាយ ពោលគឺដំបូងឡើយគ្រាន់តែលក់ដែកចាស់ៗដែលចំណាយទុនត្រឹមតែមាស២ជីប៉ុណ្ណោះ តែបន្ទាប់ពីនេះលោកស្រីក៏បាននាំយកដែកថ្មីល្អៗមកពីប្រទេសថៃដើម្បីមកលក់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក ចំណែកឯនៅឆ្នាំ១៩៩០ក្រុមហ៊ុន ជីប ម៉ុង គ្រុបក៏បាននាំចូលស៊ីម៉ង់ត៍ពីប្រទេសថៃមកបំពេញតម្រូវការក្នុងស្រុកបន្ថែមដែរ។
បន្ថែមពីនេះក្រុមហ៊ុនខ្នាតធំបំផុតនៅកម្ពុជាមួយនេះ ចាប់ពីពេលនោះមកបានពង្រីកសក្តានុពលរបស់ខ្លួនជាលំដាប់ៗដែលមានបុត្រសម្ព័ន្ធជាច្រើនបន្តបន្ទាប់រួមមានដូចជាក្រុមហ៊ុន Chip Mong Concrete បង្កើតនៅក្នុងឆ្នាំ ២០០៧ ជាក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារ:សំណង់ធំជាងគេនៅកម្ពុជា និងការផ្គត់ផ្គង់បេងតុងលាយស្រេចដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Chip Mong Concrete ក៏មានរោងចក្រផលិតក្បឿងដែលអាចផលិតក្បឿងត្រឹមតែ១នាទីបានរហូតដល់១២០សន្លឹកឯណ្ណោះ ហើយមិនត្រឹមពីនេះក៏មានក្រុមហ៊ុនផលិតទុយយ៉ូរួមជាមួយទៀតផង។
ក្រុមហ៊ុនជីប ម៉ុង គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនមួយដ៏ធំដែលក្តោបក្តាប់ជំនួញលើវិស័យធំៗនៅកម្ពុជា ដែលផ្តើមចេញពីរបរតូចតាច ដើមទុនតិចតួច លក្ខណៈគ្រួសារ តែអាចវិវត្តខ្លួនរីកចម្រើនកសាងជំនួញមហាសាល ក្លាយជាក្រុមហ៊ុនស្តង់ដារអន្តរជាតិមានកេរ្តិ៍ឈ្មោះល្បីលើឆាកជាតិ និងអន្តរជាតិ។
ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ វាបានកើតឡើងចេញពីការខិតខំប្រឹងប្រែងរកស៊ីខ្លាំងណាស់។ ថ្ងៃនេះ Business Cambodia សូមលើកយកគោលការណ៍រកស៊ី៤ ចំណុច ដើម្បីកសាងជំនួញក្រុមហ៊ុនជីប ម៉ុង ពីតូចទៅធំ។
១. ប្រព័ន្ធការងារជាគោលការណ៍រកស៊ីសំខាន់មួយដែលក្រុមហ៊ុនជីប ម៉ុង យកចិត្តទុកដាក់សំខាន់បំផុត ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនមួយឱ្យមានស្តង់ដារត្រឹមត្រូវ និងងាយស្រួលពង្រីកពិសាលភាពជំនួញរបស់ខ្លួន។ ជាការពិតណាស់ ជំនួញក្រុមហ៊ុនយក្សធំៗ បានផ្តោតសំខាន់លើការកសាងប្រព័ន្ធការងារឱ្យមានភាពរឹងមាំ ដើម្បីឱ្យដំណើរការសង្វាក់ផលិតកម្មគ្រប់ផ្នែកដើរដោយរលូន និងងាយស្រួលគ្រប់គ្រង។
២. ក្រុមហ៊ុនយក្សមួយនេះ បានវិនិយោគលើធនធានមនុស្សជាចាំបាច់ ដែលជាកត្តាសំខាន់មួយជំរុញឱ្យក្រុមហ៊ុនមានធនធានមនុស្សពូកែៗ អាចមានសមត្ថភាពធ្វើការងារក្នុងប្រព័ន្ធការងារស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនជីប ម៉ុង បានបើកវគ្គបណ្តុះបណ្តាលបុគ្គលិកជំនាញសំខាន់ៗបន្ថែម ទាំងក្នុងស្រុក និងបញ្ចូនទៅក្រៅប្រទេសដើម្បីរៀនជំនាញថ្មីៗ។ ហើយមួយវិញទៀត ក្រុមហ៊ុនបានជួលបុគ្គលិកបរទេស ដើម្បីឱ្យបុគ្គលិកខ្មែរយើងរៀនសូត្រតាមពីចំណុចខ្លាំងរបស់ពួកគេ ដើម្បីថ្ងៃអនាគតខ្មែរយើងមានសមត្ថភាពខ្ពស់អាចធ្វើការដូចបរទេស។
៣. ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាលំដាប់ពិភពលោកចុងក្រោយគេ ដើម្បីជំរុញឱ្យក្រុមហ៊ុនមានដំណើរលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដែលក្រុមហ៊ុនធំៗមិនអាចមើលរំលងបាន។
៤. ក្រុមហ៊ុនជីប ម៉ុង តែងធ្វើការងារសង្គមនានា ដើម្បីរួមចំណែកបន្ថែមទៀត ក្នុងការជំរុញឱ្យសង្គមមានភាពរីកចម្រើនក្រៅពីការធ្វើជំនួញ មានកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សឆ្នើម កម្មវវិធីសំអាតផ្លូវ ដាំដើមឈើ និងកម្មវិធីជួយសង្គមផ្សេងៗ ដែលជួយដល់សង្គមបានយ៉ាងច្រើន។
លើសពីនេះក៏មាន ក្រុមហ៊ុន Chip Mong Land ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលសាងសង់លំនៅឋានប្រណិតៗ ដែល គ្រោងដំបូងនៅ The Park Land Sen Sok លើផ្ទៃដី ២៥ហិកតា ចំណែកឯគម្រោងទី២របស់ Chip Mong Land នឹងចាប់ផ្តើមលំនៅឋានទំនើប និង Condonimuim លើផ្ទៃដី៤២ហិកតា ។ ហើយមួយទៀត ជា ក្រុមហ៊ុន Crown Beverages Cans ( Cambodia Limted)ជាក្រុមហ៊ុន ផលិតសំបកកំប៉ុងសម្រាប់ផលិតស្រាបៀរកម្ពុជា ដែលវិនិយោគដំបូងនៅទឹកប្រាក់៥០លានដុល្លារអាមេរិកក្នុងការតម្លើងរោងចក្រផលិតស្រាបៀរ។ បច្ចុប្បន្ននេះក្រុមហ៊ុន ជីប ម៉ុង គ្រុប(Chip Mong Group) ដែលនាំមុខគេខាងផ្គត់ផ្គង់សម្ភារ:សំណង់លំដាប់ខ្នាតធំនៅកម្ពុជា ដែលមានផលិតចម្បងៗរួមមាន ស៊ីម៉ង់ត៍អូដ ស៊ីម៉ង់ត៍ឥន្រ្ទីពេជ ដែកថែបម៉ាក V និងឥដ្ធការ៉ូជាដើម។មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះ ក៏ជាក្រុមហ៊ុននាំមុខគេ ក្នុងការផ្គត់ផ្គង់គ្រឿងបរិភោគ ដូចជា ប្រេងឆារ អាហារសម្រន់ នំ និងទឹកដោះខាប់រួមជាមួយដែរ៕
អត្ថបទដោយ៖ នឹម ផានុន (Pranun)